បងប្អូនបានដឹងថា ការចាក់វ៉ាក់ស៊ាំងគឺជាផ្នែកមួយដែលជួយទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩កុំឱ្យមានការរីករាលដាលកាន់តែខ្លាំង ហើយជាក់ស្ដែងវ៉ាក់ស៊ាំងសម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩នេះ គឺមានច្រើនប្រភេទហើយប្រសិទ្ធភាពក៏មិនដូចគ្នាទាំងស្រុងនោះដែរ។
ទន្ទឹមនឹងនេះ មានបងប្អូនបានចោទជាសំណួរសួរថា ១.តើការចាក់វ៉ាក់ស៊ាំងជួយទប់ស្កាត់ការឆ្លងកូវីដបានពិតឬអត់? ជាមួយគ្នានេះ អង្គការយូនីសេហ្វបានបញ្ជាក់ថា វ៉ាក់ស៊ាំងដែលដាក់ឱ្យប្រើប្រាស់ទាំងអស់ សុទ្ធតែបង្ហាញពីប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងជំងឺកូវីដ។ ក៏ប៉ុន្តែមិនមែនវ៉ាក់ស៊ាំងអាចផ្ដល់ការពារបាន១០០%នោះទេ ដូចនេះហើយទើបឱ្យមានវិធានការទប់ស្កាត់ដូចជាពាក់ម៉ាស លាងដៃ និងរក្សាគម្លាតបន្ថែមជាដើម។ ដោយឡែកក្រោយឃើញមានប្រទេសមួយចំនួនចាក់វ៉ាក់ស៊ាំងរួចហើយ ក៏ប៉ុន្តែនៅតែអាចឆ្លងទៀតបាន ធ្វើឱ្យប្រជាជនខ្មែរឆ្ងល់ថា ២.ហេតុអ្វីចាក់បានជាចាក់វ៉ាក់ស៊ាំងរួចហើយនៅតែឆ្លងឬ អ្នកខ្លះឈានដល់ការបាត់បង់ជីវិតថែមទៀតផង? ចំណុចនេះ អង្គការយូនីសេហ្វបញ្ជាក់ថា ក្រោយពេលចាក់វ៉ាក់ស៊ាំង វាត្រូវការរយៈពេលមួយ ដើម្បីឱ្យសារពាង្គកាយរបស់យើងផលិតអង់ទីគ័រប្រយុទ្ធជាមួយនឹងវីរុសនេះ និងការពារអ្នកដែលចាក់រួចមិនឱ្យជំងឺឆ្លង។ វ៉ាក់ស៊ាំងអាចពុំបានផ្ដល់ការពារភ្លាមៗនោះឡើយ ដូច្នេះអាចមានលទ្ធភាពដែលបុគ្គលនេះអាចឆ្លងជំងឺក្រោយពេលចាក់វ៉ាក់ស៊ាំងរួច។
នេះ គឺជាមូលហេតុមួយដែលគេគួរបន្តរអនុវត្តតាមវិធានការការពារ ដូចជា ពាក់ម៉ាស លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព សូម្បីតែក្រោយពីចាក់វ៉ាក់ស៊ាំងរួចហើយក៏ដោយ។
មិនត្រឹមតែប៉ុណ្ណោះ បងប្អូនឆ្ងល់ថា ៣.តើក្រោយពេលចាក់វ៉ាក់ស៊ាំងរួច តើភាពស៊ាំដែលផ្ដល់ដោយវ៉ាក់ស៊ាំងនេះ នឹងនៅបានយូរប៉ុណ្ណា? អង្គការយូនីសេហ្វបញ្ជាក់ថា ចំពោះវ៉ាក់ស៊ាំងដែលបានចាក់គឺបន្តមានភាពស៊ាំបានជាច្រើនខែ ប៉ុន្តែគេពុំទាន់ដឹងពីរយៈពេលពេញលេញនៃការបន្តមានភាពស៊ាំដោយសារចាក់ស៊ាំងរួចនោះទេ។ ដោយហេតុនេះហើយបានជា ត្រូវអនុវត្តវិធានការការពារ ដូចជា ការពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។ ការអនុវត្តវិធានការទាំងនេះ ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃទៀត នៅតែសំខាន់ក្នុងការរយៈពេលបន្តបន្ទាប់ខាងមុខនេះ។ ចំណុចដែលសំខាន់ផងដែរនោះ គឺត្រូវចាំថា ភាពស៊ាំអាចការពារអ្នកមិនឱ្យកើតកូវីដ១៩ធ្ងន់ធ្ងរ យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា តើវ៉ាក់ស៊ាំងអាចការពារមិនឱ្យអ្នកណាម្នាក់ឈឺ ជាមួយនឹងវីរុសដែលបង្កជំងឺកូវីដ១៩បានល្អកម្រិតណានោះ។
ដូចនេះ សូមបងប្អូនទាំងអ្នកបានចាក់វ៉ាក់ស៊ាំងរួចហើយ និងអ្នកមិនទាន់បានចាក់ សូមមេត្តាបន្តការពារបន្ថែមទៀតដើម្បីការពីសុវត្ថិភាពខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ជុំវិញខ្លួន ។
អត្ថបទដោយ៖ តឹក ស៊ីថា