អ្នកជំងឺជនជាតិចិន ០២ នាក់នៅក្នុងប្រទេសចិនដែលបានជាសះស្បើយពីកូវីដ ១៩ មិនប៉ុន្មានខែមុន បានធ្វើតេស្ត៍រកឃើញវិជ្ជមានកូវីដ ១៩ ជាថ្មីម្តងទៀត ដែលនេះជាសញ្ញាគ្រោះថ្នាក់ដែលបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងពីសមត្ថភាពរបស់វីរុសក្នុងការចុះខ្សោយនិងលេចឡើងម្តងទៀតចំពោះអ្នកដែលបានឆ្លងពីមុន នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Bloomberg នារសៀលថ្ងៃព្រហសត្បិ៍នេះ។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺទាំង ២ នាក់ខាងលើដែលបានលាប់កូវីដ ១៩ មកវិញ មានម្នាក់ជាស្ត្រីវ័យ ៦៨ ឆ្នាំម្នាក់នៅ Jingzhou ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ដែលវីរុសនេះត្រូវបានរកឃើញដំបូងកាលពីខែធ្នូ ឆ្នាំ ២០១៩ ត្រូវបានគេធ្វើតេស្ត៍វិជ្ជមាន នៅថ្ងៃទី ៩ខែសីហា ឆ្នាំ ២០២០ពោលគឺ ៦ ខែបន្ទាប់ពីគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាឃើញថាមានវិជ្ជមានកូវីដ ១៩ ជាថ្មីម្តងទៀត។
ចំណែកអ្នកជំងឺម្នាក់ទៀតជាបុរសត្រូវបានរកឃើញថាបានឆ្លងជំងឺនេះកាលពីខែមេសា បន្ទាប់ពីត្រឡប់មកពីបរទេស បានធ្វើតេស្តិ៍វិជ្ជមាននៅសៀងហៃ កាលពីថ្ងៃច័ន្ទ ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាអ្វីឡើយ។
អាជ្ញាធរក្នុងតំបន់បាននិយាយថាគ្មានអ្នកណាម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺទាំង ២ អ្នកនេះទេ តែទោះជាយ៉ាងណា ពួកគេត្រូវបានគេដាក់ឱ្យស្ថិតនៅដាច់ដោយឡែកពីអ្នកដទៃ។
គួរបញ្ជាក់ផងដែរថា ករណីទាំង ២ នេះបានបង្ហាញពី ការធ្វើឱ្យសកម្មឡើងវិញនៃវីរុសដែលត្រូវបានរកឃើញក្នុងចំណោមអ្នកជំងឺ ដែលបានជាសះស្បើយ។ ខណៈ ដែលការលាប់មកវិញក្រោយជាសះស្បើយជាង ៦ខែ ពិតជាករណីដ៏កម្រដែល បាតុភូតនេះបានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចោទជាសំណួរថា “ហេតុអ្វីបានជាអ្នកជំងឺដែលមានអាការៈល្អឡើងវិញក្រោយជាសះស្បើយរយៈពេលយូររាប់ខែហើយ អាចកើតកូវីដ ១៩ ម្តងទៀត? និង ”តើភាពស៊ាំទៅនឹងជំងឺនេះអាច ការពារប្រឆាំងនឹងការឆ្លងឡើងវិញតែក្នុងរយៈពេលខ្លីឫយ៉ាងណា?“។
យោងតាមការសិក្សាមួយចំនួនបានបង្ហាញ “ក្រោយជាសះស្បើយ អង្គបដិប្រាណមានប្រសិទ្ធភាពអាចការពាររាងកាយមនុស្សពីការឆ្លងវីរុសម្តងទៀតតែក្នុងរយៈពេលខ្លីមិនប៉ុន្មានខែតែ បើយូរជាងនេះ កម្រិតនៃអង្គបដិប្រាណមិនមានប្រសិទ្ធភាពអាចការពាររាងកាយពីការឆ្លងវីរុសម្តងទៀតបានទេព្រោះ ប្រសិទ្ធភាពរបស់អង្គបដិប្រាណបានធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ប៉ុន្មានខែក្រោយជាសះស្បើយ ដែលនេះអាចធ្វើឱ្យពួកគេងាយនឹងឆ្លងជំងឺដូចគ្នាម្តងទៀតជាលើកទីពីរ។
ទោះយ៉ាងណា តាមមតិរបស់ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញបានលើកឡើងថាវីរុសដែលត្រូវបានរកឃើញនៅក្នុងអ្នកជំងឺជាច្រើនខែបន្ទាប់ពីការជាសះស្បើយអាចជាបំណែកនៃភាគល្អិតវីរុសដែលបានស្លាប់ដែលលែងឆ្លងកើតទៀតហើយ។
ទន្ទឹមគ្នានេះដែរ ចុះផ្សាយក្នុងកាសែត Hindustan Times កាលពីថ្ងៃពុធម្សិលមិញនេះ អ្នកឯកទេសខាងរោគវិទូបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិនថាករណីដ៏កម្រនេះបង្ហាញថាប្រព័ន្ធភាពស៊ាំរបស់មនុស្សប្រហែលជាត្រូវការពេលយូរដើម្បីកំចាត់មេរោគនេះចេញពីរាងកាយមនុស្ស ប៉ុន្តែបានអះអាងថា អ្នកដែលបានធ្វើតេស្តិ៍វិជ្ជមានម្តងទៀតបន្ទាប់ពីជាសះស្បើយពីកូវីដ ១៩ មិនអាចចម្លងទៅអ្នកដទៃបានទេ។
លោក Yang Zhanqiu អនុប្រធាននាយកដ្ឋានជីវសាស្ត្រជីវសាស្ត្រនៅសាកលវិទ្យាល័យ Wuhan បានប្រាប់កាសែត Global Times ថាដង់ស៊ីតេនៃវីរុសនៅក្នុងខ្លួនអ្នកជំងឺមានកម្រិតទាបដែលអាចពន្យល់បានថាហេតុអ្វីបានជាអ្នកជំងឺធ្វើតេស្តិ៍អវិជ្ជមានដំបូង។
លើសពីនេះ តាមរយៈទិន្នន័យនៃការស្ទង់មតិមួយដែលធ្វើឡើងដោយមន្ទីរពេទ្យ Zhongnan នៅទីក្រុង Wuhan កាលពីសប្តាហ៍មុន ដឹកនាំដោយលោក Peng Zhiyong នាយក ICU នៃមន្ទីរពេទ្យបានឱ្យដឹងថា ក្រុមការងារលោកបាននឹងកំពុងធ្វើការតាមដានតាមដានអ្នកជំងឺ ១០០ នាក់ ហើយលទ្ធផលបានបង្ហាញផងដែរថាអង្គបដិប្រាណប្រឆាំងនឹងមេរោគឆ្លងថ្មី ក្នុង ១០ ភាគរយនៃអ្នកជំងឺ ១០០ បានបាត់បង់ ហើយក្នុងនោះដែរ មាន ៥ ភាគរយ ក្នុងចំណោមពួកគេបានទទួលលទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្តិ៍អាស៊ីត nucleic របស់វីរុសដែលបង្កជំងឺកូវីដ ១៩ ប៉ុន្តែលទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តិ៍ Immunoglobulin M (IgM) ដូច្នេះ របបគំហើញនេះហើយដេលបញ្ជាក់ថាអ្នកជំងឺដែលបានជាសះស្បើយក្នុងរយៈពេលយូរងាចឆ្លងកូវីដ ១៩ ជាថ្មីម្តងទៀត។
យោងតាមទិន្នន័យកូវីដ ១៩ ទូទាំងពិភពលោករបស់ Worldometers គិតត្រឹមរសៀលម៉ោង ៣ ថ្ងៃព្រហស្បតិ៍ ជំងឺរាតត្បាតនេះបានធ្វើឱ្យឆ្លងទៅមនុស្សជាង ២០ លាននាក់ នៅទូទាំងពិភពលោក និងមនុស្សជិត ៧៤៨.០០០ នាក់បានស្លាប់ ដែលក្នុងនោះ ខេត្តហ៊ូប៉ីបានរាយការណ៍ថាមានករណីជំងឺកូវីដ ១៩ ចំនួន ៦៨១៣៨ ករណី ឆក់យកជីវិតមនុស្សចំនួន ៤៥១២ នាក់នៅក្នុងខេត្តនេះ។ ផងដែរ គណៈកម្មការសុខភាពជាតិរបស់ចិន (NHC) នៅថ្ងៃពុធនេះបាននិយាយថាខ្លួនបានទទួលរបាយការណ៍នៃករណីឆ្លងកូវីដថ្មីចំនួន ២៥ ករណី ហើយរហូតមកដល់ពេលនេះ ប្រទេសចិនទាំងមូលបានរាយការណ៍ថាមានអ្នកឆ្លងសរុបចំនួន ៨៤ ៧៥៦ ករណី និង ៤៦៣៤ នាក់បានស្លាប់ដោយសារជំងឺរាតត្បាតនេះ។
អត្ថបទស្រាវជ្រាវដោយ ហៃ សុចិន្តា