ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានគំរាមថា នឹងចាប់ដាក់គុក អ្នកណាដែលបដិសេធមិនចាក់វ៉ាក់ស៊ាំងប្រឆាំងនឹងវីរុសកូវីដ១៩ ខណៈប្រទេសកំពុងតែស្ថិតនៅក្នុងស្ថានការណ៍ដ៏អាក្រក់បំផុតមួយប្រចាំតំបន់អាស៊ី ដោយករណីឆ្លងកើនឡើងជាង ១,៣ លាននាក់ និងមនុស្សប្រមាណជាង ២៣.០០០ នាក់ត្រូវបានស្លាប់។
យោងតាមប្រភពទស្សនាវដ្តី cnn.com បានចាប់យកនូវចំណុចខ្លឹមៗពីការថ្លែងសុន្ទរកថារបស់លោក ប្រធានាធិបតីហ្វីលីនពីន Rodrigo Duterte នៅក្នុងសន្និកាសែតមួយកាលពីថ្ងៃច័ន្ទម្សិលមិញនេះថា «កុំធ្វើឱ្យខ្ញុំខុស ខណៈពេលដែលប្រទេសកំពុងជួបនូវវិបត្តិ។ ខ្ញុំគ្រាន់តែខឹងជនជាតិហ្វីលីពីនដែលមិនយកចិត្តទុកដាក់លើរដ្ឋាភិបាល ស្របពេលរដ្ឋាភិបាលជម្រុញប្រជាជនឱ្យទៅទទួលវ៉ាក់ស៊ាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត ដើម្បីការពារសុខភាពខ្លួន។ បន្ថែមជាមួយគ្នាទៀតនោះលោក Duterte ក៏មានប្រសាសន៍ឡើងដែរថា អ្នកអាចជ្រើសរើសបាន ទៅទទួលវ៉ាក់ស៊ាំង ឬមួយចង់ឱ្យខ្ញុំបញ្ជូនអ្នកចូលគុក?
គូសបញ្ជាក់ឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២០ ខែមិថុនា អាជ្ញាធរហ្វីលីពីនបានចាក់វ៉ាក់ស៊ាំងបង្ការកូវីដ១៩ជូនប្រជាជនបានត្រឹមតែចំនួន ២,១ លាននាក់ប៉ុណ្ណោះ ដែលជាចំនួនតិចបំផុត បើប្រៀបទៅនឹងគោលដៅរបស់របស់រដ្ឋាភិបាល កំណត់ការចាក់វ៉ាក់ស៊ាំងដល់ប្រជាជន ៧០ លាននាក់ក្នុងចំណោមប្រជាជនសរុបចំនួន ១១០ លាននាក់នៅឆ្នាំនេះ៕
អត្ថបទដោយ៖ ប៉ាវ ភក្តី