ជីវិតមនុស្សម្នាក់ៗ រស់នៅគឺមានលក្ខណៈខុសគ្នា ខ្លះរស់នៅដោយរីករាយ រស់នៅដោយមានទំនួលខុសត្រូវ មើលទៅគឺស្រស់បំព្រងទោះបីស្ថិតក្នុងការជួបឧបសគ្គមួយចំនួនក្ដី ឯខ្លះទៀតរស់នៅហាក់មិនមានសង្ឃឹម មើលទៅជីវិតមិនដឹងថារស់នៅដើម្បីអ្វីពោលគឺឥតន័យ រស់កំដរតែពេលវេលាដែលនៅសល់។
ហេតុអ្វីបានជាមានជិវិតដូចគ្នាតែ រស់នៅដោយអារម្មណ៍និងសកម្មភាពប្រចាំថ្ងៃខុសប្លែកពីគ្នា?
មានមតិមិនតិចទេដែលយើងតែងលឺផ្ទាល់នឹងត្រចៀកកន្លងមក គឺមនុស្សដែលរស់នៅដោយមានន័យ រស់នៅចេះប្រកួតប្រជែងនឹងពេលវេលា មិនរស់នៅដើម្បីតែខ្លួនឯង គឺព្រោះបុគ្គលនោះ រស់នៅដោយមានក្ដីស្រមៃច្បាស់លាស់ សម្រាប់ខ្លួនឯងហើយវាជួយដល់អ្នកដទៃ។
ភ្ជាប់ទៅជាមួយគ្នានេះដែរ ក្ដីស្រមៃគឺជា ចំណុចកំពូលមួយនៃជីវិតហើយវាមានឧបសគ្គមិនតិចទេដែលរារាំងអ្នកឱ្យកំណត់ក្ដីស្រមៃនោះបាន។ហេតុនេះលោក សំ កុសល នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីជីថល Business Cambodia និង Healthy Cambodia បានលើកយកចំណុច៤សំខាន់ៗដែលអ្នកកំពុងប្រឈមហើយវាជារនាំងបាំងអ្នក មិនឱ្យរកក្ដីស្រមៃឃើញ ជាហេតុធ្វើឱ្យជីវិតអ្នករស់នៅដោយមិនមានន័យ គ្មានភាពរីករាយនិងរឹងមាំ ពីចិត្តខាងក្នុងមកតែម្ដង។
ចំណុចទាំង៤ នោះរួមមាន៖
១. ខ្វះភាពឧស្សាហ៍ព្យាយាម
២.ខ្វះគំនិត
៣.ខ្វះជំនាញ
៤.ខ្វះជំនឿចិត្តលើខ្លួនឯង
ខ្វះចំណុចខ្លឹមទាំង៤ខាងលើនេះ ជីវិតអ្នកពីមួយថ្ងៃទៅមួយថ្ងៃនឹងកាន់តែដុនដាបពីមួយថ្ងៃទៅមួយជាមិនខាន ព្រោះវាបានបិទផ្លូវអ្នកបាត់ទៅហើយ ក្នុងការឆ្ពោះទៅរកស្នូលសំខាន់នៃជិវិតនោះគឺ ក្ដីស្រមៃ។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីជីថលនៅស្រុកខ្មែររូបនេះក៏បានបង្ហើបពីចំណុចសំខាន់ចំនួន៧ក្នុងការជួយបង្កើតក្ដីស្រមៃប្រចាំជីវិតបានរឹងមាំបំផុត។
វិធីសាស្រ្តទាំង៧ នោះរួមមាន៖
១.ធ្វើដំណើរទៅកន្លែងដែលខ្លួនមិនធ្លាប់ទៅ ចេញក្រៅច្រើនអ្នកនឹងមានចក្ខុវិស័យថ្មីៗបន្ថែមទៀតដែលអាចធ្វើឱ្យអ្នកមានគំនិតថ្មីៗច្រើន។
២.សួរសំណួរទៅកាន់ខ្លួនឯង ថាតើជីវិតបែបណាដែលអ្នកចង់រស់នៅ? គិតឱ្យបានល្អិតល្អន់ហើយ ជ្រើសរើសដោយខ្លួនឯងតើអ្នកចង់រស់នៅក្នុងជីវិត ដែលល្អប្រសើរ ថ្កុំថ្កើង មានការផ្ដល់សេចក្ដីគោរពគ្នាទៅវិញទៅមក តើអ្នកចង់រស់នៅក្នុងជីវិតដ៏ខ្លីនេះដោយរបៀបណា?
៣.ធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើ ការងារដែលអ្នកមិនធ្លាប់ធ្វើពីមុនៗ អ្នកត្រូវសាកល្បងប្រឡូកឱ្យបានស៊ីជម្រៅ មិនថាធ្វើការឱ្យគេក៏ដោយ។
៤.ស្វែងរកឧសគ្គដែលរារាំងខ្លួនឯង ដែលឆ្ពោះទៅរកគោលដៅ រកវាឱ្យឃើញហើយកម្ចាត់វាចោល កុំទុកយូរព្រោះវាអាចស៊ីពេលវេលាអ្នកកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
៥.ចូលចិត្តសាកគំនិតថ្មីៗ ឱ្យបានលឿន កុំខ្លាច កុំពន្យារពេល មិនថាលំបាកតិចឫធំឡើយ បើអ្នកមិនសាកអ្នកមិនដឹងថាវាជា ចំណូលចិត្តអ្នកឫយ៉ាងណាឡើយ។
៦.ពេលកំណត់គោលដៅកំភ្លេចសួររកគោលបំណង មានមនុស្សមិនតិចទេដែលក្ដីស្រមៃតែមិនបានដឹងថាខ្លួនធ្វើដើម្បីបំណងអ្វីឡើយ ដែលវាជាហេតុធ្វើឱ្យអ្នកងាយនឹងដួលពេលជួបបញ្ហាក្នុងការបំពេញបេសកម្មនៃក្ដីស្រមៃនោះ។ជាក់ស្ដែងលោក សំ កុសល នៅពេលគាត់បង្កើតក្រុមហ៊ុនរបស់ខ្លួនដំបូង គឺលោកមានគោលបំណងច្បាស់លាស់មួយដើម្បីស្រុកខ្មែរ ហេតុនេះពេល គាត់លំបាកគាត់តែងលើកយកគោលបំណងដ៏ធំនោះមកលួងនោងលើកទឹកចិត្តខ្លួនឯងបន្ត។
៧.បន្តរកក្ដីស្រមៃរហូតបន្តរកស្វែងក្ដីស្រមៃរហូត ឱ្យដូចជាសត្វតោ ស្វែងរកចំណីក្នុងព្រៃចឹងដែរ។កុំឈប់រើសក្ដីស្រមៃឱ្យសោះ តែអ្នកក៏មិនត្រូវរើសក្ដីស្រមៃផ្ដេសផ្ដាសឡើយ អ្នកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់។
ការរើសក្ដីស្រមៃមិនងាយទេ តែបើអ្នកមិនជ្រើសក្ដីស្រមៃឱ្យច្បាស់និងធំមួយសម្រាប់ជីវិត អ្នកនឹងកាន់តែលំបាកថែមទៀត ហេតុនេះត្រូវតែបន្តហើយរើសវាឱ្យបានល្អដើម្បីជីវិតកាន់តែមានន័យ រស់នៅដោយភាពរីករាយនិងរឹងមាំ។
អត្ថបទ៖ ភោគ ម៉ារី