តាមការចែករំលែករបស់អ្នកស្រីវេជ្ជបណ្ឌិត សាត ស្រីពៅ ជាអគ្គនាយិកានៃក្រុមហ៊ុនស្រីពៅ អេសភី យូនីវើស តាមរយៈបណ្ដាញសង្គមអ៊ីនធឺណិត បង្ហាញឱ្យឃើញថា ទឹកដូងខ្ចី គឺមានសារធាតុចិញ្ចឹមជាច្រើនដូចជា B3 B7 B2...អាស៊ីតហ្វូលីក កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក...ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាមានផ្ទុកទៅដោយអកម៉ូនអឺដ្រូសែនដ៏សម្បូរបែប។
ដោយឡែក ការទទួលទានទឹកដូងនេះក៏ត្រូវបានគេព្រមានចំពោះអ្នកដែលមករដូវ គឺមិនសូវជាអនុញ្ញាតឱ្យញ៉ាំទឹកដូងឡើយ ព្រោះថាអាចនឹងប៉ះពាល់តិចតួចធ្វើឱ្យរដូវអាក់ (បរិមាណឈាមរដូវថយចុះ)។ ម្យ៉ាងវិញទៀត សម្រាប់អ្នកមានបញ្ហាតម្រងនោម និងចំពោះស្ត្រីមានប្រវត្តិកើតគីសមិនថា គីសដោះ គីសនៅក្នុងស្បូន គឺគេឱ្យញ៉ាំនៅក្នុងកម្រិតមួយដែលតិចតួច ដោយមានការជជែកពិភាក្សាជាមួយអ្នកជំនាញបន្ថែម ដើម្បីបង្ការផលប៉ះពាល់បន្ទាប់ពីផឹករួច។
លើសពីនេះទៀតសោត អ្នកដែលមានបញ្ហាជំងឺផ្សេងៗដូចជា ជំងឺក្រពះ ក៏គេឱ្យញ៉ាំនៅក្នុងកម្រិតតិចតួចដូគ្នា ចំណែកឯអ្នកញ៉ាំថ្នាំ ការញ៉ាំទឹកដូងអាចប៉ះពាល់ទៅដល់ប្រសិទ្ធភាពថ្នាំមួយចំនួនផងដែរ ដូច្នេះប្រសិនណាបើចង់ទទួលទាន គឺគេឱ្យយើងញ៉ាំមុនកន្លះម៉ោង ឬ១ម៉ោង មុនពេលញ៉ាំថ្នាំ។
គូសបន្ថែមដែរថា ចំពោះបុគ្គលចំនួន៤ក្រុមផ្សេងទៀត ក៏ត្រូវបានគេហាមប្រាមមិនសូវឱ្យទទួលទានទឹកដូងផង ដោយសារតែអាចប៉ះពាល់ដល់សុខភាព៖
១. សម្រាប់អត្តពលិក៖ បន្ទាប់ពីការហាត់ប្រាណ រាងកាយរបស់អ្នកនឹងខ្សោះជាតិទឹក តែក្នុងករណីបែបនេះជៀសវាងទឹកដូង ពីព្រោះថារាងកាយរបស់អ្នកនឹងត្រូវបាត់បង់នូវសារជាតិសូដ្យូមមួយចំនួនធំនៅក្នុងអំឡុងពេលហាត់ប្រាណ ហេតុនេះការផឹកទឹកដូងក្នុងកំឡុងពេលនេះ វាមិនសូវជាល្អប៉ុន្មាននោះទេសម្រាប់ជួយទ្រទ្រង់ទៅដល់សរីរាង្គទាំងមូល។
២. អ្នកមានប្រតិកម្មអាលែហ្ស៊ី៖ ក្នុងលក្ខខណ្ឌចំពោះបុគ្គលដែលមានប្រតិកម្មអាលែហ្ស៊ីជាមួយនឹងផ្លែឈើ ឬគ្រាប់ធញ្ញជាតិ នោះទឹកដូងអាចបង្កបញ្ហាដូចគ្នា ហើយវាអាចនឹងធ្វើឱ្យស្ថានភាពជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរ ក្នុងករណីមួយចំនួនដែរ។
៣. នាំឱ្យមានសម្ពាធឈាមចុះទាប៖ ចំពោះអ្នកជំងឺសម្ពាធឈាម ឬលើសឈាម ទឹកដូងអាចជាភេសជ្ជៈបង្កគ្រោះថ្នាក់ធំមួយសម្រាប់សុខភាពជំងឺប្រភេទនេះ។ ដូច្នេះ គួរតែជៀសវាងទឹកដូង ព្រោះវាអាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះខ្លាំង។
៤. អតុល្យភាពអេឡិចត្រូលីត៖ និយាយអំពីសារធាតុរ៉ែនៅក្នុងទឹកដូង សូដ្យូមទាប និងប៉ូតាស្យូមខ្ពស់។ ប្រសិនបើទទួលទានទឹកដូងច្រើន នោះបរិមាណប៉ូតាស្យូមក្នុងរាងកាយនឹងកើនឡើង ដែលបណ្តាលឱ្យមានអតុល្យភាពអេឡិចត្រូលីត និងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព។ សម្រាប់អ្នកដែលឧស្សាហ៍ប៉ះពាល់នឹងកំដៅ ឬសំណើមគួរតែប្រុងប្រយ័ត្នបន្ថែម ព្រោះការផឹកទឹកដូងអាចធ្វើឱ្យពួកគេជួបប្រទះទៅនឹងជំងឺម្យ៉ាងហៅថា hyperkalemia ដែលអ្នកជំងឺអាចសន្លប់ដោយមិនដឹងមូលហេតុ៕
ប្រភពបន្ថែម៖ onlymyhealth
អត្ថបទដោយ៖ ប៉ាវ ភក្តី