ជារឿងធម្មតាទេដែលលឺថាទឹកគឺចាំបាច់សម្រាប់សុខភាពរបស់អ្នក។តើហេតុអ្វី? សារធាតុនេះបង្កើតបានជាទំងន់រាងកាយរបស់អ្នកភាគច្រើនហើយត្រូវបានចូលរួមនៅក្នុងមុខងារសំខាន់ៗជាច្រើនរួមមាន បង្ហូរកាកសំណល់ជាតិពុលលចេញពីរាងកាយរបស់អ្នក រក្សាសីតុណ្ហភាពរាងកាយ ជួយដល់មុខងារខួរក្បាលរបស់អ្នក និងជួយសម្របសម្រួលមុខងារសរីរាង្គផ្សេងៗជាច្រើនទៀត។
អ្នកទទួលបានទឹកភាគច្រើនពី ការផឹក ឬភេសជ្ជៈ ប៉ុន្តែអាហារក៏ចូលរួមចំណែកតិចតួចក្នុងការទទួលបានទឹក ប្រចាំថ្ងៃរបស់អ្នកដែរ។អានអត្ថបទខាងក្រោមនេះ ដើម្បីស្វែងយល់ពីវិធីជាច្រើនទៀតដែលទឹក បានជួយលើកកម្ពស់សុខុមាលភាពរបស់អ្នក៖
១.ទឹកបានជួយសំណើមមាត់បំពង់កនិងបង្កើតទឹកមាត់
ទឹកគឺជាសមាសធាតុសំខាន់នៃទឹកមាត់។ ទឹកមាត់ក៏មានផ្ទុកទាំង អ៊ីយ៉ុងអេឡិចត្រូលីត ទឹករំអិល និងអង់ស៊ីមមួយចំនួនតូចផងដែរ។ ទឹកមាត់ក៏មាននាទីចាំបាច់សម្រាប់ការបំបែកអាហាររឹងនិងរក្សាមាត់របស់អ្នកឱ្យមានសុខភាពល្អ។
ប្រសិនបើមាត់របស់អ្នកស្ងួតជាងធម្មតា ហើយការបង្កើនបរិមាណទឹកផឹករបស់អ្នក មិនអាចជួយបាន សូមទៅជួបគ្រូពេទ្យ។
២.ទឹក រក្សានិងគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់អ្នកឱ្យបានថេរ
ការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ក្នុងការរក្សា សីតុណ្ហភាពរាងការ របស់អ្នក ។ រាងកាយរបស់អ្នកបាត់បង់ទឹកតាមរយៈ ញើស ពេលហាត់ប្រាណ តាមទឹកនោម និងក្នុងបរិយាកាសក្តៅ។ញើសបានធ្វើឱ្យរាងកាយរបស់អ្នកត្រជាក់ ប៉ុន្តែសីតុណ្ហភាពរាងកាយរបស់អ្នកនឹងកើនឡើង ប្រសិនបើអ្នកមិនបានបំពេញបន្ថែមជាតិទឹកឱ្យបានគ្រប់នៅពេលដែលអ្នកបានបាត់បង់ ដោយសារតែរាងកាយរបស់អ្នក បាត់បង់អេឡិចត្រូលីត និងប្លាស្មានៅពេលដែលខ្សោះជាតិទឹក។
ប្រសិនបើអ្នកបែកញើសច្រើនជាងធម្មតាសូមប្រាកដថាអ្នក ផឹកទឹកឱ្យបានច្រើន ដើម្បីចៀសវាងការខះខ្សោះជាតិទឹក។
៣.ទឹក ការពារជាលិកាឆ្អឹងខ្នងនិងសន្លាក់របស់អ្នក
រាងកាយបានប្រើប្រាស់ទឹកជួយ រំអិលសន្លាក់ឆ្អឹង ឆ្អឹងខ្នង និងជាលិកា របស់អ្នកទន់។ ទាំងនេះនឹងជួយឱ្យអ្នករីករាយក្នុងការធ្វើសកម្មភាពរាងកាយ និងកាត់បន្ថយភាពមិនស្រួលដែលបណ្តាលមកពីស្ថានភាពដូចជា ជំងឺរលាកសន្លាក់ ជាដើម។
៤.ទឹក ជួយបញ្ចេញកាកសំណល់ជាតិពុលតាមរយៈ ញើស ទឹកនោម និងការបន្ទោរបង់
រាងកាយរបស់អ្នកប្រើទឹកដើម្បីបញ្ចេញកាកសំណល់ពុលជាច្រើនដែលសល់ពីអាហារដែលអ្នកបានទទួលទានជារៀងរាល់ថ្ងៃតាមរយៈ ញើស ទឹកនោម និងតាមពោះវៀនក្រោមទម្រង់ជាលាមក។
អ្នកត្រូវការទឹកដើម្បីបំពេញសារធាតុរាវដែលបាត់បង់តាម ញើស និងដើម្បីជៀសវាងការទល់លាមក ម្យ៉ាងការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ជួយឱ្យតម្រងនោមរបស់អ្នក ធ្វើការកាន់តែមានប្រសិទ្ធភាពក្នុងការច្រោះជាតិពុលតាមការនោម និងជួយការពារការមានគ្រួសក្នុងតម្រងនោម។
៥.ទឹក ជួយដល់ការអនុវត្តរាងកាយឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ផឹកទឹកឱ្យបានច្រើនក្នុង ពេលបំពេញកិច្ចការងារ ឬពេលហាត់ប្រាណ គឺជាការចាំបាច់។ជាតិទឹក មានឥទ្ធិពលដល់កម្លាំង ថាមពលនិងការស៊ូទ្រាំ របស់អ្នកផងដែរ ក្នុងការបំពេញការងារផ្សេងៗ។
ក្នុងពេល បំពេញការងារក្រោមកំដៅធ្ងន់ធ្ងរ ឬធ្វើលំហាត់ប្រាណនៅក្នុងកំដៅ ដោយមិនបានបំពេញជាតិទឹកគ្រប់គ្រាន់ អាចមានស្ថានភាពសុខភាពធ្ងន់ធ្ងរដូចជា ការថយចុះសម្ពាធឈាម ឬលើសសម្ពាធឈាម និងការខះជាតិទឹកខ្លាំងអាចបណ្តាលឱ្យប្រកាច់ និងរហូតដល់ស្លាប់។
៦.ទឹក ជួយការពារ ការទល់លាមក
ការទទួលទានអាហារជាតិសរសៃ អាហារបំប៉នផ្សេងៗមិនមែនជាមធ្យោបាយតែមួយគត់ដើម្បីការពារ ការទល់លាមកទេ អ្វីដែលសំខាន់គឺការថែរក្សាការទទួលទានទឹករបស់អ្នកឱ្យបានច្រើន ដូច្នេះចលនាពោះវៀនរបស់អ្នកមានទឹកគ្រប់គ្រាន់ជួយសម្រួលដល់ការបន្ទោរបង់។
ប្រសិនបើអ្នកមិនបានទទួលទានទឹកនិងអាហារធម្មជាតិដែលមានសរសៃ គ្រប់គ្រាន់ទេអ្នកអាចនឹងប្រឈមការទល់លាមក។
៧.ទឹក ជួយដល់ការរំលាយអាហារ
ផឹកទឹក មុនពេល និងក្រោយពេល បរិភោគអាហារ ១៥នាទីនឹងជួយឱ្យរាងកាយរបស់អ្នកបំបែករំលាយអាហារកាន់តែងាយស្រួល នឹងជួយអ្នកឱ្យរំលាយអាហារឱ្យកាន់តែមានប្រសិទ្ធភាពនិងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីអាហាររបស់អ្នក។
៨.ទឹក ជួយក្នុងការស្រូបយកសារធាតុចិញ្ចឹម
ក្រៅពីជួយដល់ការបំបែកអាហារ ទឹកក៏ជួយរំលាយ វីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមផ្សេងទៀតចេញពីអាហាររបស់អ្នកនិងងាយស្រួលស្រូបទៅប្រើប្រាស់នឹងចែកចាយសមាសធាតុវីតាមីនទាំងនេះទៅផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក។
៩.ទឹក ជួយឱ្យអ្នកស្រកទម្ងន់
ការទទួលទានទឹកឱ្យបានច្រើនខណៈពេលកំពុងញ៉ាំអាហារនិងធ្វើលំហាត់ប្រាណបានជួយឱ្យអ្នកស្រកទម្ងន់បានខ្លះដែរ។
១០.ទឹក ធ្វើអោយប្រសើរឡើងនូវចរន្តអុកស៊ីសែនដែលរត់ក្នុងឈាម
ទឹកផ្ទុកសារធាតុចិញ្ចឹមមានប្រយោជន៍និងអុកស៊ីសែនដល់រាងកាយទាំងមូលរបស់អ្នក។ការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់អ្នកនឹងធ្វើអោយអ្នកមានភាពប្រសើរឡើងហើយមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពទូទៅរបស់អ្នក។
១១.ទឹក ជួយប្រឆាំងនឹងជំងឺ
ផឹកទឹកឱ្យបានគ្រប់គ្រាន់អាចជួយ ការពារ ព្យាបាលខ្លះៗ និងបន្ថយហានិភ័យមួយចំនួនផងដែរដូចជា ការទល់លាមក គ្រួសក្នុងតំរងនោម ជំងឺហឺតដែលបណ្តាលមកពីការធ្វើលំហាត់ប្រាណ ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រ និងជំងឺលើសសម្ពាធឈាម.ល.។
ទឹកក៏ជួយឱ្យអ្នកស្រូបយកវីតាមីនជាតិរ៉ែនិងសារធាតុចិញ្ចឹមសំខាន់ៗពីអាហាររបស់អ្នកបានល្អនឹងជួយបង្កើនប្រព័ន្ធភាពសុំាឱ្យរឹងមាំ ក្នុងការមានសុខភាពល្អ។
១២.ទឹក ជួយបង្កើនថាមពល
ទឹកផឹកអាចធ្វើឱ្យការរំលាយអាហាររបស់អ្នកសកម្ម។ ការជម្រុញមេតាប៉ូលីសបានលឿន ធ្វើឱ្យអ្នកមានថាមពលរឹងមាំ។
១៣.ទឹក ជួយក្នុងមុខងារនៃការយល់ដឹងនិងចងចាំ
ការផ្តល់ជាតិទឹកឱ្យបានត្រឹមត្រូវគឺជា គន្លឹះ ក្នុងការរក្សារាងការយល់ដឹងនិងមានសមត្ថភាពចងចាំបានល្អ។
១៤.ទឹក ជួយធ្វើអោយអារម្មណ៍បានស្រស់ស្រាយប្រសើរឡើង
ការទទួលទឹកមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់អារម្មណ៍អ្នកផងដែរ។ ការខះជាតិទឹកអាចបណ្តាលឱ្យអស់កម្លាំង វង្វេង ស្រ្តេស និងមានការថប់បារម្ភ។
១៥.ទឹក ជួយឱ្យស្បែកភ្លឺថ្លា ស្អាតនិងមានសណើមជានិច្ច
ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់នឹងជួយឱ្យស្បែករបស់អ្នកមានសំណើមនិងអាចជំរុញផលិតកូឡាជែនដែលជួយឱ្យកោសិកាស្បែកនៅក្មេងជាងវ័យ។ទោះយ៉ាងណាការទទួលទានទឹកតែឯងមិនគ្រប់គ្រាន់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពចាស់បានទាំងស្រុងនោះទេ។
១៦.ទឹក ការពារការខះជាតិទឹក
ការខះជាតិទឹកគឺជាលទ្ធផលនៃរាងកាយរបស់អ្នកមិនមានទឹកគ្រប់គ្រាន់។ ហើយដោយសារតែទឹកមានភាពចាំបាច់ចំពោះមុខងាររាងកាយជាច្រើនការខះជាតិទឹកអាចមានគ្រោះថ្នាក់ខ្លាំង។ការខះជាតិទឹកធ្ងន់ធ្ងរអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួនរួមមាន ហើមក្នុងខួរក្បាល ខ្សោយតំរងនោម ប្រកាច់.ល.។
ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីប៉ះប៉ូវការបាត់បង់តាមរយៈ ញើស ទឹកនោម និងចលនាពោះវៀន.ល. ដើម្បីចៀសវាងការខះជាតិទឹក។
ខាងក្រោមនេះ គឺជាគំនិតមួយចំនួនសម្រាប់របៀបដែលប្រាកដថាអ្នកផឹកបានគ្រប់គ្រាន់៖
- យកដបទឹកមកជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ វិធីនេះអ្នកអាចផឹកបានគ្រប់ពេលដែលមានតំរូវការ
- តាមដានការទទួលទានរបស់អ្នក បរិមាណទឹកដែលអ្នកបានផឹកក្នុងមួយថ្ងៃបានគ្រប់គ្រានឬទេ
- ត្រូវព្យាយាមធ្វើឱ្យក្លាយទៅជាទំលាប់ ពីដំបូងអ្នកប្រហែលជាមានការពិបាកខ្លះៗដែរ។
ការយកចិត្តទុកដាក់លើបរិមាណទឹកដែលអ្នកផឹករាល់ថ្ងៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឱ្យមានសុខភាពល្អបំផុត។ មនុស្សភាគច្រើនតែងតែផឹកទឹក នៅពេលដែលពួកគេស្រេកទឹកតែប៉ុណ្ណោះនេះគឺជាផលប៉ះពាល់ដល់ តម្រូវការបរិមាណទឹកប្រចាំថ្ងៃសម្រាប់សុខភាព៕
សម្រួលអត្ថបទ៖ លី ប៊ុនធឿន