មនុស្សម្នាក់ៗអង្គុយធ្វើការយូរមិនក្រោមពី៨ទៅ១០ម៉ោងទេក្នុង១ថ្ងៃ ឬក៏អាចលើសនឹងទៅទៀត។ ទម្លាប់ប្រចាំថ្ងៃ អាចបង្កបញ្ហាជាច្រើនកើតមានឡើងចំពោះសុខភាពរបស់អ្នក។ សូម្បីតែឥរិយាបថដេក ដើរ ឈរ អង្គុយ ដែលអ្នកមានចាប់អារម្មណ៍សោះជាប្រចាំថ្ងៃ អាចនាំជំងឺដល់ខ្លួនឯងបាន ជាពិសេសងាយប៉ះពាល់ដល់ឆ្អឹងកង ចង្កេះ ជាប់សរសៃ ដោយមិនដឹងខ្លួន។ ខាងក្រោមនេះ ជាទម្លាប់ខុសៗ ដែលមនុស្សភាគច្រើនបានធ្វើស្ទើរតែរាល់ថ្ងៃ គួរតែកែចេញ បើមិនចង់កងខ្នង ខូចសន្លាក់ ជាប់សរសៃ មានបញ្ហាឆ្អឹងទាំងវ័យក្មេង៖
អង្គុយយូរៗ៖ ផ្អែកតាមការចែករំលែកពីលោកវេជ្ជបណ្ឌិត សេង សំណាង បានឱ្យដឹងថា ការអង្គុយក្នុងរយៈពេលយូរដោយមិនមានការក្រោកដើរធ្វើចលនាសោះ ឬមានចលនាតិចតួច អាចធ្វើឱ្យផ្ដល់សម្ពាធដល់ទ្រនាប់ឆ្អឹង ក្នុងរយៈពេលវែងពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើងាយធ្វើឱ្យទ្រនាប់ឆ្អឹងនោះបែក អាចបង្កទៅជាការគៀបសរសៃចង្កេះបាន។ រាល់អង្គុយ១កន្លែង ពី២ទៅ៣ម៉ោងម្ដង អ្នកគួរក្រោកធ្វើចលនា ឬដើរចុះឡើងឱ្យបាន៥នាទីចាំអង្គុយវិញ។
អង្គុយខុសទម្រង់៖ របៀបក្នុងការអង្គុយខុសមានដូចជា អង្គុយបង្កោងខ្លួន ឈ្ងោក ឱនចុះចុចទូរស័ព្ទ កុំព្យូទ័រ ឬអានសៀវភៅ អង្គុយចុចដោយដាក់កែងដៃទម្លាក់ចុះក្រោម គ្មានអ្វីទ្រាប់ជាដើម។ លោកវេជ្ជបណ្ឌិត សេង សំណាង បានប្រាប់ថា ការធ្វើចលនាទាំងនេះរាល់ថ្ងៃ នឹងធ្វើឱ្យប៉ះពាល់ឆ្អឹងកង ងាយនឹងរលាកសន្លាក់ សាច់ដុំ។ បងប្អូនធ្លាប់សង្កេតទេនៅពេលអង្គុយចុចទូរស័ព្ទ ឬកុំព្យូទ័រយូរៗស្រាប់តែចុកក រោយចង្កេះ ដោយសារតែទម្លាប់អង្គុយខុសទាំងនេះ។
វិធីអង្គុយដែលត្រឹមត្រូវ ត្រូវដាក់ទូរស័ព្ទ ឬកុំព្យូទ័រ លើកឱ្យខ្ពស់អេក្រង់ស្មើរនឹងមុខរបស់យើង ដើម្បីកុំឱ្យឱនកចុះក្រោម។ អង្គុយផ្អែកនិងកៅអី ឱ្យត្រង់ខ្លួន ហើយដាក់ដៃទាំងសងខាងលើតុឱ្យចេញជាទម្រង់កែង កុំទម្លាក់កែងដៃឱ្យចោទចុះក្រោម ងាយប៉ះពាល់សន្លាក់កែវដៃ។
លើកធ្ងន់៖ គួរចៀសវាងការលើកធ្ងន់ចាប់ពី២០ទៅ៣០គីឡូ ហើយកុំព្យាយាមឱនចុះទាំងជំហរដើម្បីលើករបស់ធ្ងន់ ព្រោះវាងាយធ្វើឱ្យគៀបសរសៃចង្កេះ។ ចំពោះការស្ពាយកាតាបក៏ដូចគ្នា ចៀសវាងការស្ពាយកាតាបធ្ងន់លើស្មារតែ១ចំហៀង វាអាចធ្វើឱ្យឆ្អឹងស្រុតឬផ្អៀង១ចំហៀងដូចគ្នា។
រៀបកន្លែងគេង៖ ការគេងជាផ្នែកមួយ ធ្វើឱ្យប៉ះពាល់ឆ្អឹងកងរបស់អ្នកដូចគ្នា។ គួរចៀសវាងការគេងលើកម្រាលស្ដើងពេក ធ្វើឱ្យខ្នងប៉ះផ្ទាល់លើការ៉ូឬផ្ទៃដែលរឹង ចៀសវាងការគេងលើពូកដែលទន់ខ្លាំងពេកផងដែរ។ ចៀសវាងកើយខ្នើយរឹងឬខ្ពស់ខ្លាំង ងាយធ្វើឱ្យខូចសន្លាក់ សាច់ដុំក ព្រមទាំងចៀងវាងការគេងផ្អៀងតែម្ខាងរយៈពេកយូរផងដែរ។
លំហាត់ប្រាណ៖ លោកវេជ្ជបណ្ឌិតណែនាំ លំហាត់ប្រាណ២របៀបដែលធ្វើឱ្យចង្កេះនិងឆ្អឹងខ្នងរឹងមាំ គឺការហែលទឹកនិងយោគៈ(យូហ្គា) ២របៀបនេះមិនផ្ដល់សម្ពាធខ្លាំងដល់ឆ្អឹង វាអាចជួយឱ្យកាន់តែរឹងមាំបាន។ ចៀសវាងការហាត់ដោយដើរឬរត់ច្រើនពេក ងាយប៉ះពាល់ដល់គន្លាក់ជង្គង់ មិនមែនថាមិនឱ្យហាត់សោះទេ ហាត់បានតែកុំច្រើនឬយូរលើសលប់ពេក។ មិនថាការប្រាណ លេបថ្នាំ ឬញ៉ាំអាហារទេសុទ្ធតែមានផលល្អនិងមិនល្អរបស់វា កាលណាយើងប្រើឬញ៉ាំវាលើសកម្រិត។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត សេង សំណាង បានបន្ថែមទៀតថា អ្នកដែលមានបញ្ហាចុករោយ ឈឺចាប់ អវយុវៈនានាមិនថាតាមខ្នង ក ជើង ដៃ ចង្កេះនោះទេ ប្រសិនបើឈឺតិចតួចក្នុងពេលខ្លីមិនជាអ្វីទេអាចកែឥរិយាបថប្រចាំថ្ងៃ។ ប្រសិនបើករណីឈឺខ្លាំង រ៉ាំរ៉ៃ ស្ពឹកៗ ទន់អវយុវៈណាមួយ វាអាចមកពីបញ្ហាឆ្អឹង សរសៃ សាច់ដុំ សន្លាក់ ឬប្រព័ន្ធប្រសាទណាមួយខុសធម្មតា គួរឆាប់ទៅជួបគ្រូពេទ្យ ចៀសវាងការទិញថ្នាំលេបដោយខ្លួនឯង ងាយនឹងប៉ះពាល់តម្រងនោម ថ្លើម ករណីប្រើលើសកម្រិត។
គួរឱ្យដឹងផងដែរ លោកវេជ្ជបណ្ឌិតសេង សំណាង ជាវេជ្ជបណ្ឌិតឯកទេសវះកាត់ឆ្អឹងខ្នងនិងខួរក្បាល បច្ចុប្បន្នបម្រើការនៅមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យខេមាផងដែរ៕
អត្ថបទដោយ៖ Senghong