មនុស្សជាច្រើនគិតថា ការរស់នៅជារឿងលំបាក និងមិនអាចសម្រេចភាពជោគជ័យបានទេ។ បើយើងគិតឱ្យច្បាស់ យើងនឹងឃើញថា ជីវិតមានតម្លៃក្នុងការរស់នៅណាស់។ ពេលអ្នកគ្មានទឹកចិត្ត ជួបឧបសគ្គ និងការឈឺចាប់ មកដឹងពីខ្សែជីវិតលោក Zion Clark គាត់ជួបរឿងលំបាកលើសពីការគិតទៅទៀត តើគាត់ធ្លាក់ឆ្លងក្នុងរឿងអ្វីខ្លះ?
លោក Zion Clark ជាសហគ្រិន ជាអ្នកនិយាយលើកទឹកចិត្ត ជាតារាសម្តែង ជាអ្នកនិពន្ធ និងជាអត្តពលិកមួយរូបបានបំបែកឯតទគ្គកម្មថ្មីៗ នេះ ជាអ្នករត់ចំណាយដោយដៃលឿនជាងគេ ក្នុងរត់ចម្ងាយ ២០ម៉ែត្រ ត្រឹមតែ៤.៧៨វិនាទី តែប៉ុណ្ណោះ។ ហើយគាត់រស់នៅរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិក។ គាត់បាននិយាយថា មុនខ្ញុំដឹងថា ខ្ញុំអាចបំបែកឯតទគ្គកម្មនេះបាន អ្នកកាន់កម្មវិធីប្រាប់ថា ៤.៧៨វិនាទី (អ្នកឈ្នះហើយ) អារម្មណ៍ពេលនោះ ខ្ញុំពិតជារំភើបរីករាយពុះកញ្ជ្រោលពាសពេញរាងកាយតែម្តង។” មុនគាត់សម្រចបានលទ្ធផលនេះ គាត់ព្យាយាមហ្វឹកហាត់ញើសឈាម និងការមើលងាយផងដែរ។ ដូចជាគាត់បានបរាជ័យលើការចំបាប់ ដែលគាត់បានហាត់អស់ជាច្រើនខែផងដែរ។ គាត់ក៏មានអារម្មណ៍ឈឺចាប់ដែរ តែគាត់យកការឈឺចាប់នេះ ជាកម្លាំងឱ្យគាត់ទទួលបានជ័យេជម្នះនេះ។
មុនលោក Zion Clark ទទួលបានភាពជោគជ័យពេលនេះ គាត់បានឆ្លងកាត់ការសាកល្បង និងទុក្ខលំបាកជាច្រើន វាជាដំណើរជីវិតកំសត់ណាស់។ បើអ្នកមានការលំបាក អ្នកចូរសួរខ្លួនថា អ្នកលំបាកដល់លោក Zion Clarkនៅ? គាត់តែងព្យាយាមជម្រុញខ្លួនឯងឱ្យហួសពីដែនកំណត់ ដល់ថ្នាក់គាត់ជម្រុញខ្លួនឯងដល់ពាក្យមួយដ៏មានអត្ថន័យបំផុតថា “ខ្ញុំគ្មានលេសទេ។”
គាត់មានជាជំងឺកម្រមួយ ជាការវិវត្តមិនប្រក្រតីនៃចុងឆ្អឹងខ្នងខាងក្រោមនេះ។ គាត់បាននិយាយថា ពេលម្តាយខ្ញុំ ពរពោះមិនបានថែរក្សារាងកាយរបស់គាត់បានល្អទេ គាត់បានប្រើថ្នាំខុសៗគ្នាជាច្រើន នេះជាមូលហេតុនាំឱ្យខ្ញុំពិការភាព។ ហើយជីវិតខ្ញុំពិតជាលំបាកមែន ខ្ញុំត្រូវឆ្លងកាត់ការវះកាត់ពីរផ្សេងគ្នាសម្រាប់ខ្នងខ្ញុំ។ រហូតខ្ញុំមានរាងកាយបែបនេះ។ ខ្ញុំមិនបន្ទោសគាត់ វាជាដំណើរជីវិតរបស់មនុស្ស។
លោក Zion Clark ត្រូវបានគេយកទៅចិញ្ចឹមភ្លាមៗបន្ទាប់ពីកំណើត។ គាត់បានជួបប្រទះនៅការសម្លុតបំពានផ្លូវចិត្តកាលនៅតូច។ ពេលគាត់ចាប់ផ្តើមចូលរៀន ត្រូវគេធ្វើបាប និងមើលងាយ។ គាត់បាននិយាយថា ខ្ញុំធ្លាក់គេរុញខ្ញុំចូលក្នុងបន្ទប់ដាក់ខោអាវខ្ញុំ ហើយត្រូវគេវាយដំយ៉ាងធ្ងន់ធ្ងរជាច្រើនលើក វាជាអារម្មណ៍ឈឺចាប់មែនក្នុងពេលនោះ។ ហើយពេលក្រោយមក ខ្ញុំពិតជាអគុណពួកគាត់ណាស់។ បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សម្នាក់កាន់តែរឹងមាំជាងមុន។
ការតស៊ូ និងក្តីស្រមៃក្លាយជាកីឡាករមួយ បានធ្វើឱ្យលោក Zion Clark មានឱកាសទទួលបានពានរង្វាន់ឯតទគ្គកម្មពិភពលោកហ្គីនណេសនៅពេលជំនាញដ៏លឿនរបស់គាត់ត្រូវបានគេប្រទះឃើញនៅលើ Instagram ដ៏អស្ចារ្យ។ គ្មានអ្នកណាជឿខ្ញុំថា ខ្ញុំធ្វើវាបានទេ។ គាត់បាននិយាថា គ្មានអ្នកណាឈានដល់កម្រិតកំពូលបានទេ បើពួកគេមិនធ្វើទេនោះ។ ខ្ញុំមានឆន្ទៈ និងការលះបង់ លើការងានេះយ៉ាងលំបាកក្នុងការហ្វឹកហាត់នេះ។
នៅពេលអនាគត គាត់មានគោលដៅលើកីឡាអូឡាំពិក និងចង់ឈ្នះមេដាយច្រើនជាង Michael Phelps ទៅទៀត។ គាត់ចង់ក្លាយជាអត្តពលិកអាមេរិចដំបូងគេដែលប្រកួតទាំងអូឡាំពិក (ចំបាប់) និងប៉ារ៉ាឡាំពិក (ប្រណាំងរទេះរុញ) នៅឆ្នាំ ២០២៤ ហើយជាមួយនឹងការប្តេជ្ញាចិត្តរបស់គាត់ យើងជឿថា គាត់ប្រាកដជាធ្វើបាន៕
អត្ថបទបទដោយ៖ ទ្រ សុភាព