ចង់បានសុខភាពខួរក្បាលល្អគឺត្រូវមើលថែទាំហ្វឹកហាត់ ជាប្រចាំថ្ងៃទើបអាចទទួលបានខួរក្បាល ដែលឆ្លាត មានសុខភាពល្អទាំងការគិត រៀនអ្វីឆាប់យល់ ឆាប់ចាប់បាន មិនងាយភ្លេចភ្លាំង។កត្តាទាំងអស់នេះ អាចបានលុះត្រាតែមានការចូលរួមពីការញុំាអាហារជាប្រចាំថ្ងៃផងដែរ ព្រោះអាហារ គឺសំខាន់បំផុតសម្រាប់សរីរាង្គកាយ។ ដោយឡែក តើបងប្អូនមានដឹងទេថាអាហារប្រភេទណាខ្លះដែលល្អសម្រាប់សុខភាពរបស់ខួរក្បាល?
ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង សូមលើកយកប្រភេទអាហារប៉ុន្មានក្រុម តាមរយៈប្រភពmedicalnewstodayបានឱ្យដឹងថាប្រភេទអាហារទាំងនោះមានដូចជា៖
១.ខាត់ណាខៀវ៖នៅក្នុងបន្លែខាត់ណាសម្បូរដោយជាតិសរសៃខ្ពស់ កាឡូរីទាប វីតាមីនស៊ី សារធាតុflavonoidsជាសារធាតុអុកស៊ីតកម្មទៅបង្កើនសមត្ថភាពខួរក្បាល ជួយឱ្យខួរក្បាលមានសុខភាពល្អបន្លែខាត់ណាខៀវមានសមត្ថភាពជួយបំបាត់ភាពតានតឹងនៅក្នុងខ្លួន ការពារនិងកាត់បន្ថយហានិភ័យជំងឺសរសៃប្រសាទ។
២.ស៊ុត៖ ស៊ុតគឺសម្បូរដោយវីតាមីន ប៊ី៦ ប៊ី១២ អាស៊ីតហ្វូលិក ដែលមានសមត្ថភាពខ្លាំងប្រសិនណាញុំាពេលព្រឹក ស៊ុតធ្វើឱ្យសុខភាពខួរក្បាលកាន់តែខ្លាំងជួយពន្យាការថយចុះសមត្ថភាពយល់ដឹងរបស់ខួរក្បាលមិនថាមនុស្សចាស់ឬក៏ក្មេងនោះទេគឺអាចថយចុះដូចគ្នា។
៣.សណ្ដែកដី៖ នៅក្នុងសណ្ដែកដីសម្បូរទៅដោយ សារធាតុResveratrol វីតាមីនអឺ ប្រូតេអ៊ីន និងមានជាប្រភេទខ្លាញ់មិនឆ្អែតដែលល្អសម្រាប់សុខភាព។សារធាតុទាំងអស់នេះហើយដែលមានក្នុងសណ្ដែកដីបានទៅរក្សាខួរក្បាលឱ្យមានសុខភាពល្អកាត់បន្ថយការភ្លេចភ្លាំងច្រើនការរលាក ការពារជំងឺសរសៃប្រសាទ ជំងឺមហារីក ជំងឺផាកឃីនសុន…។
៤.ផ្លែបឺរ៖ នៅក្នុងផ្លែបឺរមានផ្ទុកដោយអាស៊ីតmonounsaturatedអាស៊ីតនេះត្រូវបានគេរកឃើញថាមានសមត្ថភាពជួយដល់សុខភាពរបស់ខួរក្បាលឱ្យមានសុខភាពល្អ ជួយបន្ថយសម្ពាធឈាមឡើងខ្ពស់ព្រោះយើងដឹងហើយងាកាលណាសម្ពាធឈាមឡើងខ្ពស់ធ្វើឱ្យដំណើរការឈាមរត់បញ្ជូនទៅខួរក្បាលយឺតជាហេតុនាំឱ្យប្រព័ន្ធខួរក្បាលមានបញ្ហាជាច្រើន។
ជាចុងក្រោយក្រុមអាហារទាំង៤នេះបើបងប្អូនមានទម្លាប់ទទួលទានជាប្រចាំថ្ងៃ ធ្វើឱ្យខួរក្បាលមានសុខភាពល្អ កាត់បន្ថយភាពខ្សោយចុះរបស់ខួរក្បាលពីមួយថ្ងៃទៅ១ថ្ងៃជួយការពារហានិភ័យនៃជំងឺសរសៃប្រសាទ មហារីក និងធ្វើឱ្យការចងចាំជាប្រចាំថ្ងៃកាន់តែប្រសើរជាងមុន៕
អត្ថបទដោយ៖ប៉ែត ធីតា