មនុស្សជាច្រើនចង់នៅមានអាយុវែង តែមានបញ្ហាមួយ គឺមិនដឹងពីរបៀបការរស់នៅឱ្យមានសុខភាពរឹងមាំ។ ការថែទាំសុខភាពជារឿងគិតពិចារណា ដើម្បីរស់នៅឱ្យមានគុណប្រយោជន៍ក្នុងរូបភាពជាប្រយោជន៍រួម។ ថ្ងៃនេះ យើងមកដឹងពី របៀបថែរក្សាសុខភាពអាយុវែងតាមក្បួនលោកវេជ្ជបណ្ឌិត Shigeaki Hinohara មាន ០៤ ចំណុចដូចខាងក្រោយ៖
លោកតា Shigeaki Hinohara ជាវេជ្ជបណ្ឌិតពូកែ មានចិត្តធម៌ និងជាជនជាតិជប៉ុន ហើយលោកតា Hinohara ជាអ្នកជំនាញមានអាយុវែងរស់នៅរហូតដល់អាយុ ១០៥ ឆ្នាំ។ គាត់ធ្លាប់ជាប្រធានក្រុមសាកលវិទ្យាល័យអន្ដរជាតិ St. Luke និងជាប្រធានកិត្តិយសនៃមន្ទីរពេទ្យអន្ដរជាតិ St. Luke ទាំងនៅទីក្រុងតូក្យូ។
១. កុំចូលនិវត្តន៍លឿនពេក
អ្នកមិនត្រូវចូលនិវត្ន៍តឆាប់នោះទេ អ្នកត្រូវបន្តធ្វើអ្វីដែលខ្លួនស្រឡាញ់ ដើម្បីជួយមនុស្សនៅក្នុងសង្គម វានឹងធ្វើឱ្យជីវិតអ្នកកាន់តែមានអត្ថន័យផងដែរ។ នៅសហរដ្ឋអាមេរិកមនុស្សចាស់ចូលនិវត្តន៍នៅអាយុ ៦៥ ឆ្នាំ (ឬមានឯករាជ្យភាពហិរញ្ញវត្ថុការចូលនិវត្តន៍មុនអាយុ) ។ ប៉ុន្តែតាមទស្សនៈ លោកវេជ្ជបណ្ឌិត Hinohara បាននិយាយកាលឆ្នាំ ២០០៩ ថា “ អ្នកមិនចាំបាច់ចូលនិវត្តន៍ទេ អ្នកធ្វើអ្វី ដែលអ្នកស្រឡាញ់ ទោះបីអ្នកអាយុ៦៥ ឆ្នាំហើយក៏ដោយ អ្នកត្រូវធ្វើវាបន្តទៀត។” ជនជាតិជប៉ុនចូលនិវត្ដន៍ជាមធ្យមមានអាយុ ៦៨ ឆ្នាំ ហើយមានតែជនជាតិជប៉ុន ១២៥ នាក់មានអាយុលើស ១០០ ឆ្នាំ។ លោកតាវេជ្ជបណ្ឌិត Hinohara ទោះបីគាត់មានអាយុ ១០០ ជាង គាត់នៅតែធ្វើការងារ ១៨ ម៉ោងក្នុងមួយថ្ងៃដែរ។
២. យកជណ្តើរ (រក្សាទំងន់បានល្អ)
វេជ្ជបណ្ឌិត Hinohara បាននិយាយថា ការធ្វើលំហាត់ប្រាណជាប្រចាំ ជារឿងសំខាន់ក្នុងការរស់នៅបានយូរ។ គាត់បានបន្តថា “ខ្ញុំយកជណ្តើរ ដើម្បីធ្វើចលនាសាច់ដុំ” ។ ទោះបីគាត់មានអាយុ១០០ ឆ្នាំជាង គាត់នៅតែធ្វើលំហាត់ប្រាណដើរ រត់តិច និងឡើងកាំជណ្តើរជាដើម ដើម្បីរក្សាទម្ងន់ឱ្យសមជាមួយរាងកាយ។ មានការស្រាវជ្រាវរកឃើញថា អ្នកដែលមានអាយុវែងមានលក្ខណៈស្រដៀងគ្នា គឺចេះរក្សាទម្ងន់មិនឱ្យធាត់។ ជាទូទៅអ្នកធាត់មានកត្តាហានិភ័យដ៏ធំមួយ គឺមានការស្លាប់ចេះតែកើនឡើងរហូត។
តាមរបបអាហារគាត់(Hinohara) នៅពេលព្រឹកមាន កាហ្វេ ទឹកដោះគោ និងកែវទឹកក្រូចជាមួយនឹងប្រេងអូលីវមួយស្លាបព្រាបាយ” ។ គាត់បានបន្ដថា“ អាហារថ្ងៃត្រង់ គឺទឹកដោះគោ និងនំពីរបីមុខ ឬគាត់មិនហូបអាហារអ្វីសោះ គឺគាត់រវល់ពេល។ គាត់មិនឃ្លានទេ គឺគាត់ផ្តោតទៅលើការងារ។ ចំណែកអាហារពេលល្ងាច មានបន្លែ ត្រី និងអង្ករបន្តិច ហើយគាត់ហូបសាច់គ្មានជាតិខ្លាញ់ ១០០ ក្រាមពីរដងក្នុងមួយសប្តាហ៍។
៣. ស្វែងរកគោលបំណងធ្វើជាមនុស្សសកម្ម
តាមលោកតា Hinohara បាននិយាយថា កាលវិភាគរបស់ខ្ញុំពេញជាប្រចាំ វាជាវិធីឱ្យជីវិតរបស់ខ្ញុំរស់នៅកាន់តែយូរ និងមិនឆាប់ស្លាប់ដូចមនុស្សខ្ចិលនោះទេ។ គាត់បានស្វែងរកឃើញពីគោលបំណងរបស់គាត់ជាវេជ្ជបណ្ឌិត ជាការងារដែលគាត់មានក្តីស្រឡាញ់ជួយដល់ជីវិតអ្នកដទៃ។ ការរស់បែបនេះហើយ បានធ្វើឱ្យគាត់មានអាយុវែង។
លោកតា Hinohara បានរកឃើញគោលបំណងរបស់គាត់ កើតពីម្តាយរបស់គាត់បានជួយសង្រោះពីលោកគ្រូពេទ្យ។ គាត់បានគិតថា ការធ្វើជាគ្រូពេទ្យ ជាកិច្ចការល្អ ដែលអាចជួយមនុស្សច្រើន។
តាមអ្នកការសែត Janit Kawaguchi បានចាត់ទុកលោកតា Hinohara ជាទីព្រឹក្សាបាននិយាយថា លោកវេជ្ជបណ្ឌិត Shigeaki Hinohara មានការជឿជាក់ថា ជីវិតត្រូវតែមានការចូលរួមជួយអ្នកដទៃ។ ពីព្រោះថា ថាមពលមួយនេះ ជាអ្នកជំរុញឱ្យអ្នកភ្ញាក់ពីគេង ដើម្បីធ្វើរឿងអស្ចារ្យ ដើម្បីអ្នកដទៃ នេះជាមូលហេតុជំរុញឱ្យខ្ញុំរស់នៅកាន់តែយូរ។
៤. ការបន្ធូរអារម្មណ៍
លោកវេជ្ជបណ្ឌិត Shigeaki Hinohara បានលើកកម្ពស់ឱ្យមនុស្សធ្វើលំហាត់ប្រាណ និងមានអាហាររូបត្ថម្ភជាបន្លែ ត្រី និងផ្លែឈើ...ពីព្រោះវាជាមាគ៌ាឆ្ពោះទៅរកជីវិតមានអាយុវែង និងសុខភាពរឹងមាំ។ ហើយគាត់បាននិយាយថា “មនុស្សយើងចាំបាច់ត្រូវតែរស់នៅជាមួយឥរិយាបទរបស់ខ្លួន។” គាត់ចង់មានន័យថា ឥរិយាបទជាកំណត់ការរស់នៅរបស់មនុស្សម្នាក់ៗ ឬយើងអាចនិយាយថា ការរស់នៅអាយុវែង និងខ្លី វាអាស្រ័យលើឥរិយាបទរបស់យើងមានលក្ខណៈបែបណាជាការឆ្លើយបតរបស់មនុស្សម្នាក់ៗ ។ ជីវិតយើងខឹង អន់ចិត្ត និងសប្បាយ វាជាការឆ្លើយបតតាមឥរិយាបទរបស់យើង។
តាមលោកតា Hinohara បាននិយាយថា “យើងទាំងអស់គ្នាតែងតែចង់ចាំពេលយើងមានភាពសប្បាយរីករាយ ពេលខ្លះយើងភ្លេចហូបបាយហូបទឹក និងគេងទៀតផង។ មនុស្សយើងអាចរក្សាឥរិយាបទនេះបានជានិច្ច។ តែពេលមនុស្សយើងកាន់តែរស់នៅ មានអាយុកាន់តែច្រើន យើងមានភាពធុញទ្រាន់ គឺមកពីរាងកាយរបស់យើងប្រើច្បាប់ច្រើនពេក។” ជីវិតរបស់យើងមានភាពសាមញ្ញ តែយើងមិនបានគិតរៀបចំវាឱ្យបានល្អ ហើយវាបែបជាដំណើរការកាន់តែស្មុកស្មាញក្នុងជីវិតទាំងសុខភាព ទាំងរាងកាយ និងផ្លូវអារម្មណ៍ផងដែរ៕
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព